ប្រការ និងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងភ្ជាប់សេវាអ៊ិនធឺណិត អនឡាញ

១.ប្រាក់កក់

អតិថិជនត្រូវបានស្នើសុំឲ្យបង់ប្រាក់សម្រាប់ធានាលើកិច្ចព្រមព្រៀង ថ្លៃសេវាតភ្ជាប់ និងប្រាក់កក់សម្រាប់ធានាលើឧបករណ៍។ ប្រាក់កក់នឹងត្រូវប្រគល់ជូនវិញ នៅពេលអតិថិជនបានបំពេញកាតព្វកិច្ចទាំងឡាយតាមប្រការ និងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ។

២.ការទូទាត់ប្រាក់

អតិថិជនត្រូវទូទាត់ថ្លៃសេវាប្រចាំខែតាមកាលកំណត់នៅលើវិក័យប័ត្រ។ ទិន្ន័យដែលប្រើប្រាស់លើសពីការផ្ដល់ជូន (បើមាន) នឹងត្រូវទូទាត់នៅខែបន្ទាប់។ មូលប្បទានប័ត្រត្រូវទូទាត់ទៅCOGETEL Ltd.។ ប្រាក់ដែលទូទាត់រួចមិនអាចប្ដូរវិញបានទេ។

៣.ការទូទាត់ប្រាក់យឺត

ONLINE រក្សាសិទ្ធិក្នុងការផ្អាកសេវាអ៊ិនធឺណិតជាបណ្ដោះអាសន្ន ប្រសិនបើមានការយឺតយ៉ាវក្នុងការទូទាត់ប្រាក់ ដូចបានកំណត់ក្នុងវិក័យប័ត្រ។ ប្រសិនបើអតិថិជនមានការលំបាកក្នុងការទូទាត់ អតិថិជនអាចទំនាក់ទំនងមកកាន់ផ្នែកបម្រើសេវាអតិថិជនតាមរយៈលេខ ០២៣ ៧២៧២៧២ ឬ ០៨១ ៧២៧២៧២។ ប្រការ និងលក្ខខណ្ឌទូទៅនៅតែមានប្រសិទ្ធិភាពទោះជាគណនីត្រូវបានផ្អាកក៏ដោយ។

៤.ប្រាក់ជំពាក់ និងបំណុល

ប្រសិនបើអតិថិជនគ្មានបំណងចូលខ្លួនមកចរចាជាមួយ ONLINE អំពីប្រាក់ជំពាក់ និងបំណុលនោះទេ ONLINE រក្សាសិទ្ធិក្នុងការបិទគណនី អតិថិជនដោយឯកតោភាគី បន្ទាប់ពីគណនីនេះត្រូវបានផ្អាកដំណើរការចំនួន ០៧(ប្រាំពីរ)ថ្ងៃរួចមក។

៥.ការតម្លើង

ONLINE ទទួលខុសត្រូវក្នុងការតម្លើង Wimax កាប្លិ៍អុបទិក និង Wireless រហូតដល់ត្រឹមឧបករណ៍ (ម៉ូដឹម ឬឧបករណ៍ CPE) របស់ ONLINE។ ការភ្ជាប់សេវានឹងត្រូវបានសាកល្បងត្រឹមចំណុចដែលតម្លើងនេះ។ អតិថិជនត្រូវទទួលខុសត្រូវក្នុងការតម្លើងកុំព្យូទ័រ និងឧបករណ៍នានាដែលស្ថិតនៅផុតពីឧបករណ៍ (ម៉ូដឹម ឬឧបករណ៍ CPE) របស់ ONLINE ។ បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ONLINE រក្សាសិទិ្ធក្នុងការបញ្ចប់កិច្ចព្រមព្រៀង ប្រសិនបើការពន្យាពេលតម្លើងរបស់អតិថិជនលើសពីរយៈពេល ០៣(បី)ខែ រាប់ចាប់ពីថ្ងៃចុះហត្ថលេខា “រយៈពេលពន្យា”។ប្រាក់ដែលទូទាត់រួច រួមបញ្ជូលទាំងប្រាក់កក់ និងថ្លៃសេវាប្រចាំខែបង់មុន នឹងមិនត្រូវប្រគល់ជូនអតិថិជនវិញទេ ហើយអតិថិជនត្រូវទទួលខុសត្រូវរាល់ការចំណាយទាំងឡាយណាទាក់ទងនឹងការតម្លើងនេះដែលអាចកើតមានឡើងមុនពេលបញ្ចប់កិច្ចព្រមព្រៀងនេះ។

៦.ឧបករណ៍

ឧបករណ៍ដែលបានទិញមានរយៈពេលធានា ១២ខែ ប៉ុន្តែអតិថិជនត្រូវតែអនុវត្តតាមការណែនាំអំពីការថែទាំឧបករណ៍។ Modem ឬឧបករណ៍ផ្សេងទៀតសម្រាប់ខ្ចី ឬជួល នឹងត្រូវប្ដូរជូនអតិថិជនវិញ ប្រសិនបើឧបករណ៍នោះមិនដំណើរការ។ ក្នុងករណីដែលមានការបាត់បង់ ឬខូចខាត អតិថិជននឹងត្រូវទទួលខុសត្រូវក្នុងការបង់ពេញថ្លៃនៃថ្លៃឧបករណ៍ (Wireless modem US$១២០ Wimax modem US$២០០ ឬFiber Optic modem US$១២០ និងឧបករណ៍ផ្សេងៗទៀត)។ បន្ទាប់ពីបញ្ចប់កិច្ចព្រមព្រៀង ឧបករណ៍នឹងត្រូវប្រគល់ជូនមក ONLINE វិញ។ អតិថិជននឹងត្រូវបានណែនាំឲ្យប្រើប្រាស់ឧបករណ៍បំពាក់ក្នុងអគារ (Indoor Equipment) របស់ ONLINE ក្នុងបរិយាកាសដែលគ្មានធូលី គ្មានសំណើម មានម៉ាស៊ីនត្រជាក់ និងមានភ្ជាប់ឧបករណ៍ទប់ចរន្តអគ្គិសនី ឬអាគុយទប់ភ្លើង សម្រាប់ការការពារ និងសុវត្ថិភាពនៃឧបករណ៍។

៧.ការទទួលខុសត្រូវលើសេវាកម្ម

ដោយហេតុថា ONLINE ផ្គត់ផ្គង់សេវាទៅអោយអតិថិជនស្របទៅតាមប្រការ និងលក្ខខណ្ឌទូទៅនៃកិច្ចព្រមព្រៀងនេះ ONLINE នឹងទទួលខុសត្រូវរាល់បញ្ហាទាំងអស់ដែលទាក់ទងនឹងឧបករណ៍របស់ ONLINE ដែលស្ថិតក្នុងរយៈពេលធានា ខ្សែភ្ជាប់ និងឧបករណ៍ CPE។ ONLINE នឹងផ្ដល់ជូនការប្រឹក្សាដ៏ជំនាញទៅតាមតម្រូវការជូនអតិថិជនលើរាល់បញ្ហាដែលបណ្ដាលមកពីបណ្ដាញខាងក្នុង (Local Network) ដែលកើតចេញពីបញ្ហាខាងលើ។ ONLINE នឹងទទួលខុសត្រូវត្រឹមឧបករណ៍ (ម៉ូដឹម ឬឧបករណ៍ CPE) របស់ ONLINE ចំពោះការខូចខាតជាក់ស្ដែងដែលបណ្ដាលមកពីការរអាក់រអួល ឬការអាក់ខានសេវាប៉ុណ្ណោះ។

៨.សុពលភាព និងការបញ្ចប់កិច្ចព្រមព្រៀង

កិច្ចព្រមព្រៀងនេះមានសុពលភាពរយៈពេល ១២ខែ គិតចាប់ពីថ្ងៃភ្ជាប់សេវា “រយៈពេលសុពលភាព”។ កិច្ចព្រមព្រៀងនេះនឹងបន្តជាស្វ័យប្រវត្តិសម្រាប់រយៈពេល ១២ខែទៀត ប្រសិនបើអតិថិជនមិនបានជូនដំណឹងជាលាយលក្ខអក្សរមក ONLINE អំពីការបញ្ចប់កិច្ចព្រមព្រៀងឲ្យបានយ៉ាងតិច ៣០ថ្ងៃ មុនថ្ងៃផុតកំណត់នៃរយៈពេលសុពលភាព។

៨.១) នៅពេលណាដែលអតិថិជនបញ្ចប់កិច្ចព្រមព្រៀងបន្ទាប់ពីរយៈពេលសុពលភាព អតិថិជនត្រូវជូនដំណឹងជាលាយលក្ខអក្សរមក ONLINE យ៉ាងតិច ៣០ថ្ងៃមុនថ្ងៃបញ្ចប់កិច្ចព្រមព្រៀង។ បើមិនដូច្នោះទេ អតិថិជននឹងត្រូវទូទាត់ថ្លៃសេវា ១ខែទៀត រាប់ចាប់ពីថ្ងៃប្រើប្រាស់សេវាអ៊ិនធឺណិតចុងក្រោយដែលរកឃើញដោយប្រព័ន្ធគ្រប់គ្រងរបស់ ONLINE ឬចាប់ពីថ្ងៃជូនដំណឹងរបស់អតិថិជន។ ក្នុងករណីនេះ អតិថិជនត្រូវទូទាត់ត្រឹមតែថ្លៃសេវាប្រចាំខែដែលមិនទាន់បានទូទាត់តែប៉ុណ្ណោះ។ ចំណែកប្រាក់កក់ទាំងអស់នឹងត្រូវប្រគល់ជូនអតិថិជនវិញផងដែរ។
៨.២) នៅពេលណាដែលអតិថិជនបញ្ចប់កិច្ចព្រមព្រៀងក្នុងកំឡុងពេលនៃរយៈពេលសុពលភាព អតិថិជនត្រូវទូទាត់ ១)ថ្លៃសេវាប្រចាំខែដែលមិនទាន់បានទូទាត់ ២)ថ្លៃបំពានកិច្ចព្រមព្រៀងទៅតាមប្រភេទសេវាកម្ម (ADSL US$៤០ Wimax US$៤០ Wireless US$១០០ Fiber Optic US$១០០) និង ៣)ថ្លៃសេវាប្រចាំខែបន្ថែមចំនួន ១ខែ។

៩.សុវត្ថិភាពនៃប្រព័ន្ធ

អតិថិជនត្រូវទទួលខុសត្រូវលើការថែរក្សា សេវាអ៊ិនធឺណិត ឈ្មោះប្រើប្រាស់ (Username) និងពាក្យសម្ងាត់ (Password) ឲ្យមានសុវត្ថិភាព។ លើសពីនេះ អតិថិជនត្រូវបានណែនាំឲ្យការពារប្រព័ន្ធ Wifi របស់ខ្លួនជាមួយពាក្យសម្ងាត់ដ៏ពិបាកទស្សន៍ទាយ។ ONLINE មិនទទួលខុសត្រូវលើការប្រើប្រាស់ទិន្នន័យ និងសេវាអ៊ិនធឺណិតរបស់អតិថិជនដោយគ្មានការអនុញ្ញាតិទេ។

១០.ការហាមឃាត់

អតិថិជនមិនត្រូវលក់បន្តនូវសេវាកម្មអ៊ិនធឺណិត ឬសារអេឡិចត្រូនិកឡើយ។ មិនត្រូវប្រើប្រាស់សេវាអ៊ិនធឺណិត ONLINE ក្នុងសកម្មភាពផ្សេងៗដូចជា spamming hacking សកម្មភាពខុសច្បាប់ ឬទុច្ចរិតណាមួយឡើយ។ ONLINE រក្សាសិទ្ធិក្នុងការផ្ដល់ព័ត៌មានអំពីសកម្មភាពណាមួយខាងលើនេះទៅកាន់អាជ្ញាធរមានសមត្ថកិច្ច ក្នុងករណីចាំបាច់។

១១.សំណង

អតិថិជនយល់ព្រមផ្ដល់សំណង និងការពារ ONLINE រាល់ការខូចខាត ការគិតប្រាក់ ការទាមទារ ការទទួលខុសត្រូវ និងការចំណាយនានាដោយផ្ទាល់ក្ដី ឬមិនផ្ទាល់ក្ដីដែលកើតចេញពីការទាមទារទាំងឡាយរួមបញ្ចូលទាំងការរំលោភបំពានលើកម្មសិទ្ធិបញ្ញាធ្វើឡើងប្រឆាំងនឹង ONLINE ដោយភាគីទីបី ដែលបណ្ដាលមកពីការប្រើប្រាស់សេវាដោយអតិថិជន ឬអ្នកប្រើប្រាស់របស់ខ្លួន។

១២.អសាធនភាព ឬការក្ស័យធនរបស់អតិថិជន

ក្នុងករណីដែល ONLINE មានមន្ទិលសង្ស័យពីអសាធនភាព(ភាពគ្មានប្រាក់សង) ឬការក្ស័យធនរបស់អតិថិជន ONLINE មានសិទ្ធិក្នុងការព្យួរការអនុវត្តន៍កាតព្វកិច្ចរបស់ខ្លួនរហូតទាល់តែអតិថិជនបានផ្ដល់នូវការធានាណាមួយក្នុងកំឡុងពេល ១សប្ដាហ៍ ជូន ONLINE លើការបំពេញកាតព្វកិច្ចទាំងអស់ដែលមានចែងក្នុងកិច្ចព្រមព្រៀងនេះ។

១៣.ករណីប្រធានសក្តិ

ក្នុងករណីដែល ONLINE មិនអាចអនុវត្តកាតព្វកិច្ចខ្លួនទាំងស្រុង ឬមួយផ្នែកមិនថាជាបណ្តោះអាសន្ន ឬជាអចិន្រ្តៃយ៍ ផ្អែកតាមការព្រមព្រៀងដែលជាលទ្ធផលនៃករណីប្រធានសក្តិ ឬកាលៈទេសៈណាមួយដែលជាហានិភ័យរបស់ ONLINE នោះ ONLINE មានសិទ្ធិក្នុងការបញ្ចប់កិច្ចព្រមព្រៀងជាមួយអតិថិជនដោយមិនមានផ្ដល់ជាសំណងណាមួយទៅអតិថិជននោះទេ។

១៤.ផ្សេងៗ

ប្រការ និងលក្ខខណ្ឌទូទៅនេះតំណាងឲ្យបទដ្ឋានប្រការ និងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងប្រើប្រាស់សេវាអ៊ិនធឺណិតរបស់ ONLINE ។ ប្រសិនជាមានវិវាទណាមួយរវាងប្រការ និងលក្ខខណ្ឌទូទៅជាមួយឯកសារដទៃទៀតដូចជា៖ Quotation Service Level Agreement (SLA) ជាដើម ឯកសារទាំងនោះនឹងមានប្រសិទ្ធិភាព។ ប្រសិនបើគ្មានការចរចាណាមួយផ្សេងទេ កិច្ចព្រមព្រៀងនេះនឹងយកមកអនុវត្តពេញទី។ បុគ្គលដែលចុះហត្ថលេខាតំណាងឲ្យគូភាគីនៃកិច្ចព្រមព្រៀងនេះត្រូវធានាថា ពួកគេមានសិទ្ធិស្របច្បាប់ក្នុងការអនុវត្តន៍កិច្ចព្រមព្រៀងនេះ។